សកម្មភាពការងារនៅមូលដ្ឋាន
សកម្មភាពការងារនៅមូលដ្ឋាន
ក្រោមក្របខណ្ឌនៃគម្រោង PCRL មានការងារចុះមូលដ្ឋានជាច្រើនជាមួយពហុភាគីពាក់ព័ន្ធ ដូចជាការចុះទស្សនកិច្ចពិនិត្យជាក់ស្តែង ការវាយតម្លៃ ការត្រួតពិនិត្យ និងការស្ទង់មតិសម្រាប់ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយអ្នកពាក់ព័ន្ធ (អ្នកអនុវត្តការងារនៅទីវាល កសិករគំរូ សហគមន៍កសិកម្ម សមាជិកសហគមន៍តំបន់ការពារធម្មជាតិ អ្នកជំនាញសំខាន់ៗ។ល។)។
សាលារៀនកសិករ (FFS) និងកញ្ចប់វិនិយោគលើភាពធន់ដែលដឹកនាំដោយសហគមន៍ (CRIPs) គឺជាយន្តការចម្បងពីរដែលគម្រោងត្រូវតែសម្រេចឱ្យបាន តាមរយៈការងារចុះមូលដ្ឋានជាមួយកសិករគំរូនៅទីវាល ជាពិសេសការអនុវត្តសាកល្បងក្នុងមូលដ្ឋានដែលបង្ហាញពីអត្ថប្រយោជន៍នៃពូជដែលគាំទ្រជាមួយនឹងសក្តានុពលប្រសើរបំផុតសម្រាប់ប្រើប្រាស់ធនធានក្នុងមូលដ្ឋាន។ គម្រោង PCRL នឹងដឹកនាំសាលារៀនកសិករ ដើម្បីកសាងសមត្ថភាពក្នុងមូលដ្ឋាន និងលើកកម្ពស់ការយល់ដឹងរបស់កសិករអំពីពេលណា និងរបៀបធ្វើឱ្យសេវាផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព។ លើសពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍រវាងកសិករនិងកសិករ ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងបទពិសោធន៍នានា ដើម្បីកាត់បន្ថយឧបសគ្គចំពោះការអនុវត្តតាម និងការបន្តការអនុវត្តដែលបានគាំទ្រ និងជំរុញការចម្លងការអនុវត្តក្នុងមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ។ គម្រោងនេះក៏នឹងធ្វើការបណ្តុះបណ្តាលគ្រូបង្គោល (TOT) ដើម្បីកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាល និងមន្ត្រីសហគមន៍កសិកម្ម(CAO)។

ការងារចុះត្រួតពិនិត្យសកម្មភាពផលិតពូជស្រូវ
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ខេត្តបាត់ដំបង សហការជាដៃគូជាមួយវិទ្យាស្ថាន IRRI បានចុះធ្វើការវាយតម្លៃរហ័សជាលើកដំបូងជាមួយក្រុមអ្នកផលិតពូជស្រូវ (RSPG) ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលចុះវាយតម្លៃនេះ ក្រុមការងារគម្រោងបានត្រួតពិនិត្យសកម្មភាពផលិតពូជស្រូវរបស់ក្រុមអ្នកផលិតនៅភូមិទូលធ្នង់ និងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានពិភាក្សាអំពីការអនុវត្តកសិកម្មនាពេលបច្ចុប្បន្ន ភាពងាយរងគ្រោះនៃអាកាសធាតុ និងលទ្ធភាពទទួលបានធនធាន។

បេសកកម្មប្រមូលទិន្នន័យ និងព័ត៌មាន
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ក្រោមកិច្ចសម្របសម្រួលពីទីប្រឹក្សាគម្រោងប្រចាំខេត្តពោធិ៍សាត់ និងក្រោមវត្តមានចូលរួមរបស់លោកបណ្ឌិត Krishna Pant ដែលជាទីប្រឹក្សាបណ្តោះអាសន្នថ្មីមួយរូបដែលកំពុងចាប់ផ្តើមកិច្ចការរបស់គាត់លើផ្នែក “ការរៀបចំផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម (CCAP)” និងលោក លោក ចាន់ ដានិត ទីប្រឹក្សាផ្នែកផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យ និងពត័មានពីផែនការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានពិភាក្សាការងារជាមួយមន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ រដ្ឋបាលឃុំផ្ទះរុង និងគណៈកម្មការសហគមន៍កសិកម្មផ្ទះរុងរុងរឿងផងដែរ។

សំណាបដុះលូតលាស់នៅក្នុងសហគមន៍កសិកម្មរំដួលទានកាំ
ក្រុមផលិតពូជស្រូវ ក្រោមការគាំទ្រពីគម្រោង PCRL បច្ចុប្បន្នកំពុងធ្វើសកម្មភាពដកសំណាបប្រវាស់ដៃគ្នា នៅក្នុងសហគមន៍កសិកម្មរំដួលទានកាំ ស្ថិតនៅភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការងារចុះត្រួតពិនិត្យនៅមូលដ្ឋានបន្ទាយមានជ័យ
កាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ក្រោមកិច្ចសហជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យសកម្មភាពផលិតស្រូវពូជរបស់ក្រុមផលិតពូជស្រូវក្នុងខេត្តបន្ទាយមានជ័យ។

បេសកកម្មចុះប្រមូលទិន្នន័យក្នុងខេត្តកំពង់ធំ
កាលពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោង PCRL ក្រោមកិច្ចសហការជាមួយនាយកដ្ឋានដំណាំស្រូវ, និងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបេសកកម្មដើម្បីប្រមូលទិន្នន័យលើប្រព័ន្ធដាំដុះដំណាំស្រូវ និងពូជស្រូវដែលធន់នឹងអាកាសធាតុ។

ការងារចុះវាយតម្លៃនៅមូលដ្ឋាន
ចាប់បីថ្ងៃទី ០៣ - ០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះសិក្សាប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពសហគមន៍តំបន់ការពារធម្មជាតិគោលដៅរបស់គម្រោង ក្នុងភូមិសាស្រ្តខេត្តគោលដៅទាំង៣៖ ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ការងារចុះមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត ជូ ជ័យធិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងគម្រោង PCRL បានដឹកនាំកិច្ចប្រជុំជាមួយសហគមន៍កសិកម្មបុរីអវិវឌ្ឍន៍ ស្ថិតនៅភូមិប្រឡាយលុងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង PCRL ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល AC និងមន្រ្តីកសិកម្មឃុំ (CAOs) និងសមាជិកសហគមន៍ចំនួន ៣៦ នាក់ទៀត ក្នុងនោះស្ត្រី ៩ នាក់។

ការងារចុះមូលដ្ឋាននៅស្រុកថ្មគោល
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគម្រោង PCRL បានចុះពិនិត្យទីតាំងសហគមន៍កសិកម្មបឹងព្រីង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជា AC ដែលទើបស្នើឡើងថ្មីដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដំណើរចុះពិនិត្យជាក់ស្តែងនេះ ត្រូវបានដឹកនាំដោយលោកស្រី ទុយ សុខហេង និងសហការរៀបចំដោយលោក ខាត់ បូរិន មេឃុំបឹងព្រីង និងជាប្រធាន AC ។

ការងារចុះមូលដ្ឋាននៅខេត្តបាត់ដំបង
ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមទីប្រឹក្សាគម្រោង PCRL បានរៀបចំកិច្ចប្រជុំជាមួយសហគមន៍កសិកម្មជ្រៃបង្កើនផល ស្ថិតនៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាក្រុមគោលដៅគម្រោងស្នើថ្មី ដោយមានអ្នកចូលរួមចំនួន ៣០ នាក់ ក្នុងនោះស្ត្រីជាសមាជិក AC ចំនួន ១០ នាក់ និងមន្រ្តីកសិកម្មឃុំ CAO ក្រោមកិច្ចសម្របសម្រួលរបស់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី ទុយ សុខខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM) នៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងគម្រោង PCRL ។

ការងារចុះមូលដ្ឋាននៅខេត្តពោធិ៍សាត់
នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទីប្រឹក្សាគម្រោង PCRL បានជួបប្រជុំជាមួយសហគមន៍កសិកម្ម (AC) ដែលមានឈ្មោះថា "ស្រការពន្លកថ្មី" ដែលមានទីតាំងនៅភូមិស្រការ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោមកិច្ចសម្របសម្រួលពីលោក ហៃ ធួរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កិច្ចប្រជុំនេះសំដៅពិនិត្យលទ្ធភាពនៃការបង្កើត AC ប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងផែនការសម្រាប់ឆ្នាំខាងមុខ។ ការជួបប្រជុំនេះមានការចូលរួមពីតំណាងក្រុមប្រឹក្សាភិបាល និងសមាជិក AC សរុបចំនួន ១៣ រូប។ ការជួបពិភាក្សានេះផ្តោតលើទិដ្ឋភាពច្បាប់ និងការគ្រប់គ្រងទូទៅរបស់ AC កសិកម្មតាមកិច្ចសន្យា ការផលិតពូជស្រូវ កម្មវិធីពង្រឹងសមត្ថភាពរបស់ AC ជីវភាពប្រជាកសិករ បញ្ហាទឹក និងប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាស្ថានភាពយេនឌ័រ។

ការងារចុះសិក្សានៅមូលដ្ឋាន
កាលពីនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង PCRL បានបើកកិច្ចប្រជុំដើម្បីសង្ខេបអំពីដំណើរការនៃគម្រោង PCRL ចាប់តាំងពីការចាប់ផ្តើមជូនដល់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) និងដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រអនុវត្តគម្រោង PCRL។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានផ្តល់អនុសាសន៍ដើម្បីធ្វើបច្ចុប្បន្នភាពតំបន់គោលដៅឃុំ ដោយសារគម្រោងនេះត្រូវបានរៀបចំឡើងកាលពីជិតប្រាំឆ្នាំមុន ហើយការជ្រើសរើសគោលដៅដែលបានស្នើឡើងចំពោះ ACs និង CPAs ចាំបាច់ត្រូវពិនិត្យឡើងវិញ និងកែសម្រួលដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុករបស់គម្រោង។