ជំហានថ្មីរបស់ អ្នកស្រី ស៊ាង ង៉ុច
ជំហានថ្មីរបស់ អ្នកស្រី ស៊ាង ង៉ុច
នៅប្រទេសកម្ពុជា កសិករភាគច្រើនចំណាយពេលជាច្រើនដើម្បីធ្វើការងារដែលលំបាក ហើយមិនសូវមានគេមើលឃើញ នៅតាមវាលស្រែ ឬក្នុងកិច្ចប្រជុំនៃសហគមន៍កសិកម្មរបស់ពួកគេ។ សម្រាប់អ្នកស្រី សៀង ង៉ុច ដែលជាកសិករដាំដុះស្រូវមកពី សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ក្នុងខេត្តសៀមរាប ការធ្វើស្រែចម្ការមិនត្រឹមតែជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការងារមួយដែលគាច់អាចធ្វើដើម្បីរួមចំណែកគាំទ្រសហគមន៍គាត់ផងដែរ។ ពីរដូវកាលមួយទៅរដូវកាលមួយ អ្នកស្រីបានចូលរួមជួយផលិតអង្ករដែលជាផលិតផលជាទីមោទកភាព និងជាការជួយកសាងអនាគតមួយដែលរឹងមាំសម្រាប់សហគមន៍គាត់។
ដូចកសិករជាស្ត្រីដទៃទៀតនៅជុំវិញបឹងទន្លេសាប ការងារកសិកម្មរបស់អ្នកស្រី ង៉ុច ត្រូវពឹងផ្អែកលើការធ្វើការច្រើនម៉ោង អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន និងតម្លៃទីផ្សារដែលមិនប្រាកដប្រជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែបន្តដំណើរទៅមុខ ដោយសារទំនួលខុសត្រូវ ភាពធន់ និងក្តីសង្ឃឹមរបស់គាត់។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកស្រីបានបោះជំហានយ៉ាងអង់អាច ចាកចេញពីវាលស្រែឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុង វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25)។ ការនាំយកផលិតផលអង្កររបស់ខ្លួនមកកាន់វេទិកាកម្រិតជាតិបែបនេះ មិនត្រឹមតែជាមោទកភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាក៏ជាសមិទ្ធផលដ៏ប្រសើរ និងជាឱកាសមួយដែលកសិករក្នុងសហគមន៍របស់អ្នកស្រីកម្រនឹងទទួលបាន។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ពីថ្ងៃទី១៣ ដល់ ១៦ ខ្ញុំបានធ្វើដំណើរពីសហគមន៍មកចូលរួមជាមួយក្រុមការងារ PCRL ក្នុងកម្មវិធី CAFE25។ ខ្ញុំបានយកអង្ករមកពីរបីរយគីឡូក្រាម ហើយសង្ឃឹមថាអ្នកចូលរួមនឹងចាប់អារម្មណ៍ទិញ។ ខ្ញុំមានអារម្មណ៍រំភើបផង និងភ័យបន្តិចផង ប៉ុន្តែខ្ញុំពិតជាចង់ដឹងណាស់ថាកម្មវិធីនេះមានអ្វីខ្លះទៅ»។
ក្នុងរយៈពេលបួនថ្ងៃ អ្នកស្រី ង៉ុច បានឈរនៅស្តង់អង្កររបស់គាត់ដើម្បីពន្យល់ពីរបៀបដាំដុះស្រូវ ឆ្លើយសំណួរពីអ្នកចូលរួម និងអតិថិជននានា។ មនុស្សម្នាជាច្រើនបានឈប់នៅស្តង់គាត់ ដើម្បីភ្លក្សរសជាតិបាយដែលអ្នកស្រីបានចម្អិន សុំលេខទូរសព្ទទាក់ទង និងសាកសួរព័ត៌មានបន្ថែមអំពីសហគមន៍របស់អ្នកស្រី។ កិច្ចសន្ទនាទាំងនេះ ធ្វើឱ្យអ្នកស្រីកាន់តែមានភាពជឿជាក់លើខ្លួនឯងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅរសៀលថ្ងៃចុងក្រោយនៃកម្មវិធី អង្ករដែលអ្នកស្រីយកមកពីសហគមន៍ ត្រូវបានលក់អស់គ្មានសល់។
អ្នកស្រីបាននិយាយទាំងរំភើបថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំមិននឹកស្មានថាអង្ករទាំងអស់ដែលខ្ញុំយកមក នឹងលក់អស់រលីងដូច្នេះនោះទេ។ ខ្ញុំមានអារម្មណ៍មោទនភាព និងមានទឹកចិត្តចង់ចូលរួមទៀត ហើយឆ្នាំក្រោយខ្ញុំចង់យកអង្ករ និងផលិតផលផ្សេងៗទៀតមកលក់ឱ្យបានកាន់តែច្រើន»។
សហគមន៍កសិកម្មរបស់អ្នកស្រី ស៊ាង ង៉ុច ទទួលបានការគាំទ្រពីគម្រោង លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) ដែលគាំទ្រហិរញ្ញប្បទានដោយមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។ គម្រោង PCRL ធ្វើការជាមួយសហគមន៍កសិកម្ម និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការផលិតពូជស្រូវឱ្យកាន់តែប្រសើរឡើង និងជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដោយមានគោលដៅធ្វើការជាមួយកសិករឱ្យបានចំនួន ៣៧,០០០ គ្រួសារនៅជុំវិញបឹងទន្លេសាប។ គម្រោងនេះត្រូវបានអនុវត្តរួមគ្នាដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។
សម្រាប់សហគមន៍របស់អ្នកស្រី ង៉ុច ក៏ដូចជាសហគមន៍ដទៃទៀត ការគាំទ្រនេះបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យកត់សម្គាល់រួមមាន សមត្ថភាពផលិតកម្មកាន់តែខ្លាំង អង្ករមានគុណភាពល្អជាងមុន ហើយកសិករកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ អង្ករដែលអ្នកស្រីបានយកមកបង្ហាញ និងដាក់លក់នៅ CAFE25 នេះ គឺជាលទ្ធផលនៃការគាំទ្ររបស់គម្រោង PCRL ដែលវាជាអង្ករផលិតចេញពីគ្រប់ពូជ និងបច្ចេកទេសកសិកម្មដែលប្រសើរជាងមុន។
សម្រាប់អ្នកស្រី ង៉ុច CAFE25 មិនមែនគ្រាន់តែជាវាទិកាសម្រាប់លក់ដូរប៉ុណ្ណោះទេ។ វាគឺជាការបោះជំហានដ៏ធំមួយ និងជាភុស្តតាងបង្ហាញថាការងាររបស់កសិករពិតជាមានតម្លៃ។ អ្នកស្រីក៏បានចូលរួមស្តាប់បទបង្ហាញ ផ្លាស់ប្តូរគំនិតយោបល់ និងស្គាល់ពីសហគមន៍កសិកម្មផ្សេងៗទៀតនៅក្រៅស្រុកភូមិរបស់គាត់។
គាត់បានរៀបរាប់ទាំងកែវភ្នែកពោរពេញដោយ មោទកភាពថា៖ «ពេលបានជួបថ្នាក់ដឹកនាំក្នុងកម្មវិធី គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំមកពីសហគមន៍កសិកម្មតូចមួយក្នុងខេត្តសៀមរាប ហើយខ្ញុំមិនដែលនឹកស្មានថាខ្ញុំនឹងបានឈរនៅចំពោះមុខមន្ត្រីជាន់ខ្ពស់បែបនេះឡើយ។ ខ្ញុំបានជូនអង្ករមួយកញ្ចប់ដល់លោកទុកជាកាដូតិចតួចពីសហគមន៍របស់យើង។ ពេលនោះខ្ញុំមានអារម្មណ៍ថា ការខំប្រឹងប្រែងរបស់សហគមន៍យើងត្រូវបានគេមើលឃើញ និងទទួលស្គាល់»។
ព្រឹត្តិការណ៍ CAFE25 បង្កើតបាននូវទំហំពាណិជ្ជកម្មចំនួន ១,៣ លានដុល្លារអាមេរិក ទាក់ទាញវិនិយោគិនចំនួន ៥០នាក់មកពី ១០ប្រទេស និងបើកផ្លូវឱ្យមានភាពជាដៃគូបើគិតជាតម្លៃគឺ ៧៨ លានដុល្លារអាមេរិក ដែលកំពុងស្ថិតក្នុងការចរចា។ ព្រឹត្តិការណ៍នេះបានទទួលភ្ញៀវចូលទស្សនាចំនួន ២១,៥០៧ នាក់ និងបានការចូលរួមពីកសិករជាង ២,០០០នាក់ ដែលជាឱកាសទីផ្សារដ៏សំខាន់មួយសម្រាប់អ្នកផលិតដូចជាអ្នកស្រី ង៉ុច និងជាឱកាសពង្រឹងទំនាក់ទំនងរវាងសហគមន៍ជនបទ និងទីផ្សារខាងក្រៅកាន់តែទូលំទូលាយ។
ជាមួយនឹងស្នាមញញឹមយ៉ាងរីករាយ អ្នកស្រី ស៊ាង ង៉ុច បន្តថា៖
«ពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំមិនមែនយកតែបាវអង្ករទៅវិញនោះទេ។ ខ្ញុំមានភាពក្លាហានត្រឡប់ទៅវិញ។ ខ្ញុំបានជួបមនុស្សថ្មីៗច្រើន ហើយឥឡូវនេះខ្ញុំមានអារម្មណ៍ជឿជាក់លើខ្លួនឯង និងសហគមន៍ខ្ញុំជាងមុន»។
ក្នុងឱកាសទិវាអន្តរជាតិនារីនេះ រឿងរ៉ាវរបស់អ្នកស្រី ង៉ុច ជួយឱ្យយើងបានឃើញថា នៅពេលដែលកសិករជាស្រ្តីទទួលបានចំណេះដឹង ទីផ្សារ និងការទទួលស្គាល់ ពួកគេមិនត្រឹមតែជួយបង្កើនការផលិតស្បៀងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចបង្កើននូវទំនុកចិត្ត ភាពធន់ និងក្តីសង្ឃឹមសម្រាប់គ្រួសារ និងសហគមន៍របស់ពួកគេទៀតផង។