ការងារចុះមូលដ្ឋាននៅខេត្តពោធិ៍សាត់
ការងារចុះមូលដ្ឋាននៅខេត្តពោធិ៍សាត់
នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទីប្រឹក្សាគម្រោង PCRL បានជួបប្រជុំជាមួយសហគមន៍កសិកម្ម (AC) ដែលមានឈ្មោះថា "ស្រការពន្លកថ្មី" ដែលមានទីតាំងនៅភូមិស្រការ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោមកិច្ចសម្របសម្រួលពីលោក ហៃ ធួរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កិច្ចប្រជុំនេះសំដៅពិនិត្យលទ្ធភាពនៃការបង្កើត AC ប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងផែនការសម្រាប់ឆ្នាំខាងមុខ។ ការជួបប្រជុំនេះមានការចូលរួមពីតំណាងក្រុមប្រឹក្សាភិបាល និងសមាជិក AC សរុបចំនួន ១៣ រូប។ ការជួបពិភាក្សានេះផ្តោតលើទិដ្ឋភាពច្បាប់ និងការគ្រប់គ្រងទូទៅរបស់ AC កសិកម្មតាមកិច្ចសន្យា ការផលិតពូជស្រូវ កម្មវិធីពង្រឹងសមត្ថភាពរបស់ AC ជីវភាពប្រជាកសិករ បញ្ហាទឹក និងប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាស្ថានភាពយេនឌ័រ។
គេសង្កេតឃើញថា AC "ស្រការពន្លកថ្មី" បានបំពេញតាមច្បាប់ដោយមានវិញ្ញាបនបត្រត្រឹមត្រូវដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦។ AC មួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានសមាជិកដំបូងចំនួន ៤៨ គ្រួសារ ក្នុងនោះ ២៤ គ្រួសារដែលមានស្ត្រីជាមេគ្រួសារ ហើយមានដើមទុនចំនួន ១,៦៧៤,០០០ រៀល។ នៅឆ្នាំ២០២៤ សមាជិកសកម្មរួមមាន ១០៤ គ្រួសារ រួមទាំង ៤១ គ្រួសារដែលមានស្ត្រីជាមេគ្រួសារ។ តម្លៃដើមទុនបច្ចុប្បន្នគឺមានចំនួនសរុប ១៩០,៨០៥,៤០០ រៀល។
អាជីវកម្មសំខាន់ៗរបស់ AC នេះមានចំនួនបី ដូចជាឥណទានខ្នាតតូច ការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការផលិតពូជស្រូវ។ គួរកត់សម្គាល់ថា ក្រុមអ្នកផលិតពូជស្រូវមានសក្តានុពលផលិតពូជផ្ការំដួល និងសែនក្រអូប ដែលទទួលបានទិន្នផល ៤ តោន/ហិកតា ប៉ុន្តែដោយសារតម្រូវការទីផ្សារនៃពូជជាតិធ្លាក់ចុះ ទើប ពួកគេបានផ្អាកការផលិតនៅពេលនេះតែម្តង។ ទោះបីជាមានការលំបាក និងភាពមិនច្បាស់លាស់នៃទីផ្សារក៏ដោយ ក្នុងនោះអ្នកផលិតម្នាក់នៅតែទទួលបានការលើកទឹកចិត្ត និងកំពុងផលិតពូជដែលទើបនឹងចេញថ្មី “CPS70” លើផ្ទៃដីចំនួន ១ ហិកតា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
តាមកាលវិភាគចុះមូលដ្ឋាន ក្រុមការងារទីប្រឹក្សាគម្រោង PCRL បានរៀបចំកិច្ចប្រជុំមួយទៀតជាមួយសហគមន៍កសិកម្មផ្ទះរុងរឿង ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ តំណាង AC ចំនួន ១២ នាក់ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងបានផ្តល់ធាតុចូលបស់ពួកគេអំពីអាជីវកម្មបច្ចុប្បន្ន។ របៀបវារៈស្រដៀងគ្នាខាងលើនេះដែរ ត្រូវបានលើកយកមកពិភាក្សា។ AC ត្រូវបានបញ្ជាក់ទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ហើយបច្ចុប្បន្នកំពុងធ្វើការជាមួយ ១៩៥ គ្រួសារ (១៦១ ជាគ្រួសារដែលមានស្ត្រីជាមេគ្រួសារ) ដែលមានដើមទុនសរុបចំនួន ៦៥៣,៤៧២,៧០០ រៀល។ សកម្មភាពអាជីវកម្មសំខាន់ៗចំនួនបីរួមមាន ឥណទានខ្នាតតូច ការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការផលិតពូជស្រូវ។ បញ្ហាប្រឈមនៃអាជីវកម្មគឺបញ្ហាសងប្រាក់កម្ចីពីសមាជិក ហើយប្រាក់ចំណេញទាបពីសកម្មភាពអាជីវកម្ម ខណៈដែលការផលិតគ្រាប់ពូជត្រូវបានធ្លាក់ចុះតាំងពីឆ្នាំកន្លងទៅ។