វេទិកាធុរកិច្ចសហគមន៍កសិកម្ម

វេទិកាធុរកិច្ចសហគមន៍កសិកម្ម

ភាគីពាក់ព័ន្ធខាងវិស័យកសិកម្ម បានជួបប្រជុំគ្នានៅវេទិកាធុរកិច្ចសហគមន៍កសិកម្ម (ACBF 2024) ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក តាមរយៈគំរូកសិកម្មតាមកិច្ចសន្យា និងភាពជាដៃគូប្រកបដោយបរិយាប័ន្ន។

វេទិកាធុរកិច្ចសហគមន៍កសិកម្ម កំពុងប្រារព្ធឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វេទិកានេះប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងអង្គការកសិករជាច្រើនទៀត។ គោលបំណងចម្បងនៃវេទិកានេះគឺ៖ ១. លើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក និងលើកកម្ពស់ទីផ្សារ ដោយបង្កើតនិងពង្រីកគំរូកសិកម្មតាមកិច្ចសន្យាដែលផ្តល់អត្ថប្រយោជន៍ទាំងកសិករ និងអ្នកទិញ។ ២. ជំរុញភាពជាដៃគូប្រកបដោយបរិយាប័ន្នក្នុងចំណោមសហគមន៍កសិកម្ម ក្រុមហ៊ុនឯកជន និងភ្នាក់ងាររដ្ឋាភិបាល។ ៣. បង្កើនការចែករំលែកចំណេះដឹងលើការអនុវត្តល្អបំផុតពាក់ព័ន្ធនឹងកសិកម្មតាមកិច្ចសន្យា និងផលិតកម្មប្រកបដោយនិរន្តរភាព។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយភាគីពាក់ព័ន្ធជាច្រើនរួមមាន CamboDHRRA, CACA, WorldRenew, DCA, AFD, FNN, LHCO (អតីត LWD), FCFD, WVI, GDRV, FWN, DPA, OREDA, GrowAsia (CPSA), DKT, KOC, FAEC, MB, CoDeC, IIRR-Cambodia, WWF, និងគម្រោង PCRL ។ កម្មវិធីនេះនឹងផ្តល់សារៈប្រយោជន៍សម្រាប់ការផ្តល់គំនិតផ្តួចផ្តើម និងការពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមអ្នកផលិតពូជស្រូវ ជាពិសេសការកសាងទំនុកចិត្តរវាងក្រុមអ្នកផលិតស្រូវ និងរោងម៉ាស៊ីនកិនស្រូវ តាមរយៈផែនការផលិតកម្មដ៏ទូលំទូលាយ ដែលធានានូវលទ្ធភាពទទួលបានគ្រាប់ពូជទាំងបរិមាណ គុណភាព និងទាន់ពេលវេលា។

វេទិកានេះមានអ្នកចូលរួមប្រមាណ ២៥០ នាក់ និងវាគ្មិនមកពីក្រុមភាគីពាក់ព័ន្ធជាច្រើនផងដែរ ដែលរួមមានសហគមន៍កសិកម្ម និងកសិករខ្នាតតូច តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងមកពីគម្រោងផ្តួចផ្តើមភូមិគំរូ។ អ្នកចូលរួមផ្សេងទៀតរួមមាន អង្គការដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនឯកជនដែលផ្តោតលើកសិពាណិជ្ជកម្ម ក្រុមហ៊ុនកែច្នៃនិងលក់រាយ អង្គការសង្គមស៊ីវិល មូលនិធិអាកាសធាតុកម្ពុជា កម្មវិធីសន្តិសុខស្បៀងកម្ពុជា មូលនិធិអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងអ្នកជំនាញបច្ចេកទេសក្នុងវិស័យស្បៀង និងកសិកម្ម។

នៅក្នុងវេទិកានេះ អ្នកចូលរួមនឹងមានឱកាសលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ និងស្នើដំណោះស្រាយដោយផ្តោតលើការឱ្យតម្លៃលើផលិតផលក្នុងស្រុក ការបង្កើតទំនាក់ទំនងទីផ្សារប្រកបដោយនិរន្តរភាព និងការពង្រឹងសិទ្ធិអំណាចសហគមន៍កសិកម្មក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់កសិចំណីអាហារ និងក្នុង​ការ​លើក​កម្ពស់​កសិកម្ម​ប្រកបដោយបរិយាប័ន្ន ​និងដោយ​និរន្តរភាព។

គួរកត់សម្គាល់ថា តំណាងសហគមន៍កសិកម្មចំនួន ២០ នាក់ និងទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្តចំនួន ៥ នាក់មកពីគម្រោង PCRL ក្នុងខេត្តគោលដៅ តំណាងមកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧ នាក់ ក៏បានចូលរួមក្នុងវេទិកានេះផងដែរ។ គម្រោង PCRL ជឿជាក់ថាវេទិកានេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សមាជិកនៃសហគមន៍កសិកម្មទាំងអស់ តាមរយៈការជំរុញទំនាក់ទំនងអាជីវកម្មប្រកបដោយបរិយាប័ន្នជាមួយតួអង្គទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ និងការពង្រឹងគំរូកសិកម្មតាមកិច្ចសន្យាសម្រាប់ផលិតផលកសិកម្ម ជាពិសេសស្រូវអង្ករដែលមានគុណភាពខ្ពស់ ដែលអាចបង្កើតជានិមិត្តសញ្ញាដ៏គួរឱ្យជឿជាក់នៃឧត្តមភាពកសិកម្មកម្ពុជា។