កិច្ចប្រជុំ PSC Ad-Hoc
កិច្ចប្រជុំ PSC Ad-Hoc
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិសេសគណៈកម្មាធិការតម្រង់ទិស (PSC) “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន PSC, លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមមូលដ្ឋាននៃក្រសួងបរិស្ថាន, កញ្ញា Rebekah BELL តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ២៨ នាក់ដែលរួមមាន តំណាងអង្គការដៃគូអនុវត្ត និងក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងនៃអគ្គនារកដ្ឋាន GDA និង GDLC។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (ក) ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ ដោយបន្ស៊ីការអនុលោមតាមក្របខ័ណ្ឌគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន, (ខ) ពិភាក្សាអំពីគោលដៅប្រចាំឆ្នាំសម្រាប់សូចនាករសំខាន់ៗទាំងអស់ ក្រោមក្របខ័ណ្ឌលទ្ធផលគោលដៅនៃគម្រោង, (គ) គូសបញ្ជាក់លើឃុំគោលដៅ រួមទាំងសហគមន៍កសិកម្ម (ACs) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs), និង (ឃ) ពិភាក្សាអំពីការដាក់បញ្ចូលខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅគម្រោង។
ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរដែលបានស្នើឡើងក្នុងការកំណត់វិសាលភាពនៃគម្រោង តំណាងអង្គការ FAO បានផ្តល់ការបញ្ជាក់ថា មូលនិធិបរិស្ថានពិភពលោក (GEF) មានការថ្លឺងថ្លែងចំពោះវិធីសាស្រ្តគ្រប់គ្រងដោយការសម្របខ្លួនទៅនឹងការអនុវត្តគម្រោង ហើយការកែតម្រូវអាចត្រូវបានស្នើឡើង និងយល់ព្រមដោយ PSC និងចងក្រងជាឯកសារនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ដែលបានកំណត់ថានឹងមិនមានការផ្លាស់ប្តូរលើសូចនាករនៅក្នុងក្របខ័ណ្ឌលទ្ធផលគោលដៅនោះទេ ហើយត្រូវតែអាចបំពេញ ឬបង្កើនចំនួនគោលដៅដែលបានកំណត់នៅក្នុងការរចនាគម្រោង។
ជាលទ្ធផលនៃកិច្ចប្រជុំ PSC បានឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទលើអនុសាសន៍សំខាន់ៗមួយចំនួន រួមទាំងការអនុម័តផែនការសម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ តម្រូឱ្យមានវការពិនិត្យឡើងវិញចំពោះវិសាលភាពសម្រាប់ការពង្រីកការគាំទ្រការកសាងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំនៅគ្រប់ឃុំគោលដៅ និងការតម្រង់ទិសឡើងវិញទាក់ទងនឹងសកម្មភាពអាទិភាពសំខាន់ៗ ដែលស្របតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យបរិស្ថាន រួមទាំងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប (MACs) យន្តការសម្រាប់ពង្រីកការផលិតពូជស្រូវវិញ្ញាបនប័ត្រ និងភាពជាដៃគូជាមួយគម្រោងផ្សេងទៀតដើម្បីគាំទ្រដល់មន្រ្តីកសិកម្មឃុំនៅក្នុងខេត្តគោលដៅនៃគម្រោង PCRL ៕